A man and a woman efficiently piling and arranging products, ensuring order in the production line.

World of Work Series: Employment and Social Trends 2026

អង្គការអន្តរជាតិខាងការងារ (ILO) ថ្លែងថា គុណភាពការងារជាសកល នៅទ្រឹង បើទោះបីជាមានកំណើនប្រកបដោយភាពធន់ក៏ដោយ

របាយការណ៍ស្តីពីនិន្នាការការងារ និងសង្គម ឆ្នាំ២០២៦ ព្រមានថា បញ្ហាប្រឈមនៅតែបន្តកើតមាន ជាពិសេស សម្រាប់យុវជន និងស្ត្រី។

14 January 2026

Production line in Uzbekistan – Better Work programme © Better Work

ហ្សឺណែវ (ព័ត៌មាន ILO) – យោងតាមរបាយការណ៍ថ្មីមួយពីអង្គការអន្តរជាតិខាងការងារ (ILO) បានឱ្យដឹងថា អត្រានិកម្មភាព​ ឬភាពអត់ការងារធ្វើជាសកលនៅតែមានស្ថិរភាព ប៉ុន្តែវឌ្ឍនភាព ឆ្ពោះទៅរកការងារសមរម្យ (Decent Work) បានជាប់ទ្រឹង។ របាយការណ៍នេះក៏បានព្រមានផងដែរថា យុវជននៅតែបន្តជួបប្រទះការលំបាក ខណៈដែលបញ្ញាសិប្បនិម្មិត (AI) និងភាពមិនច្បាស់លាស់នៃ គោលនយោបាយពាណិជ្ជកម្ម អាចបង្កហានិភ័យធ្វើឱ្យទីផ្សារការងារកាន់តែចុះខ្សោយ។

របាយការណ៍ស្តីពីនិន្នាការការងារ និងសង្គម ឆ្នាំ២០២៦ បានរកឃើញថា ខណៈពេលដែល អត្រានិកម្មភាពជាសកល ត្រូវបានព្យាករថានឹងស្ថិតក្នុងរង្វង់ ៤,៩ ភាគរយ ក្នុងឆ្នាំ២០២៦ (ស្មើនឹង ១៨៦ លាននាក់) កម្មករនិយោជិតរាប់លាននាក់នៅទូទាំងពិភពលោក នៅតែខ្វះលទ្ធភាពទទួលបាន​ការងារ​ប្រកបដោយគុណភាព។

លោក Gilbert F. Houngbo អគ្គនាយកអង្គការ ILO បានមានប្រសាសន៍ថា៖ «កំណើនប្រកប​ដោយ​ភាពធន់ និងតួលេខអ្នកអត់ការងារធ្វើ ដែលបន្តនៅឋេរ មិនគួរធ្វើឱ្យយើងមើលរំលងការពិត​ដ៏ ស៊ី​ជម្រៅនោះទេ៖ កម្មករនិយោជិតរាប់រយលាននាក់នៅតែជាប់គាំងនៅក្នុងភាពក្រីក្រ សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ និងការផាត់ចេញពីសង្គម»។

គុណភាពការងារ ស្ថិតក្រោមសម្ពាធ

កម្មករនិយោជិតជិត ៣០០ លាននាក់ នៅតែបន្តរស់នៅក្នុងភាពក្រីក្រធ្ងន់ធ្ងរ ដោយរកចំណូល​បាន​តិចជាង ៣ ដុល្លារអាមេរិកក្នុងមួយថ្ងៃ។ ទន្ទឹមនឹងនេះ ភាពក្រៅប្រព័ន្ធកំពុងកើនឡើង ដោយកម្មករ​និយោជិតចំនួន ២,១ ពាន់លាននាក់ ត្រូវបានរំពឹងថា នឹងប្រកបការងារ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ​នៅ​ឆ្នាំ​២០២៦ ដោយពួកគេមានលទ្ធភាពតិចតួច ដើម្បីទទួលបានកិច្ចគាំពារសង្គម សិទ្ធិការងារ និងសន្តិសុខ​ការងារ។ កង្វះវឌ្ឍនភាព ដែលមានលក្ខណៈស្រួចស្រាវ នៅក្នុងប្រទេស​ដែលមាន​ចំណូល​ទាបបែបនេះ កំពុងរុញច្រានកម្មករនិយោជិតដែលមានលក្ខខណ្ឌការងារលំបាកលំបិនបំផុតឱ្យ​កាន់តែដាច់ឆ្ងាយ​ពី​គេ។

របាយការណ៍នេះ ដែលផ្តល់ទិន្នន័យ បែងចែកតាមតំបន់ ក្រុមចំណូល ភេទ និងអាយុ បាន​កត់​សម្គាល់ថា ការថមថយល្បឿននៃការធ្វើបរិវត្តកម្មសេដ្ឋកិច្ចទៅកាន់ឧស្សាហកម្ម ឬសេវាកម្មដែលមាន​តម្លៃ​ខ្ពស់ គឺជាឧបសគ្គចម្បង ដែលរារាំងដល់ការសម្រេចបានវឌ្ឍនភាពប្រកបដោយ​ចីរភាព ​ឆ្ពោះទៅរកការងារប្រកបដោយគុណភាព និងកំណើនផលិតភាព។

យុវជន និងហានិភ័យបណ្តាលមកពីបញ្ញាសិប្បនិម្មិត (AI)

យុវជននៅតែបន្តជួបប្រទះការលំបាក។ អត្រានិកមុ្មភាពរបស់យុវជនបានកើនឡើងដល់ ១២,៤ ភាគរយ ក្នុងឆ្នាំ២០២៥ ដោយមានយុវជនប្រហែល ២៦០ លាននាក់ ស្ថិតក្នុង​ស្ថានភាពមិនរៀនសូត្រ មិនមានការងារធ្វើ ឬមិនទទួលបានការបណ្តុះបណ្តាល (NEET)។ នៅតាមប្រទេសដែល​មានចំណូល​ទាប អត្រា NEET មានកម្រិតខ្ពស់គួរឱ្យព្រួយបារម្ភរហូតដល់ ២៧,៩ ភាគរយ។

អង្គការ ILO បានព្រមានថា បញ្ញាសិប្បនិម្មិត និងស្វ័យប្រវត្តិកម្ម អាចធ្វើឱ្យបញ្ហា​ប្រឈមកាន់​តែ​ធ្ងន់ធ្ងរ ជាពិសេសសម្រាប់យុវជនដែលមានការអប់រំ ក្នុងប្រទេសមានចំណូលខ្ពស់ ដែលកំពុងស្វែងរក ការងារ​​ដំបូង ក្នុងមុខរបរមានជំនាញកម្រិតខ្ពស់។ របាយការណ៍បានកត់សម្គាល់ថា៖ «ទោះបីជាគេមិនទាន់ដឹងឱ្យប្រាកដពីផលប៉ះពាល់​ពេញ​លេញ​នៃបញ្ញាសិប្បនិម្មិត (AI) លើមុខរបរ​ និងការងារយុវជន​ក្តី ទាមទារឱ្យមានការតាមដានយ៉ាងដិតដល់លើ​វិសាលភាពនៃផលប៉ះពាល់ដែលអាចកើតមានឡើង»។

វិសមភាពយេនឌ័រដែលចាក់ឫសយ៉ាងជ្រៅ

ស្ត្រីនៅតែប្រឈមមុខនឹងរបាំងដែលចាក់ឫសយ៉ាងជ្រៅ ដែលភាគច្រើនបណ្តាលមកពីនិយាម​ និងផ្នត់គំនិតសង្គម។ ស្ត្រីមានចំនួនត្រឹមតែ ២ ភាគ ៥ ប៉ុណ្ណោះនៃការងារសកល ហើយមានលទ្ធភាព​តិច​ជាងបុរស ២៤ ភាគរយ ក្នុងការចូលរួមក្នុងកម្លាំងពលកម្ម។ វឌ្ឍនភាពនៃការចូលរួមរបស់ស្ត្រី​ក្នុង​កម្លាំង​ពលកម្មបានជាប់គាំង ដែលធ្វើឱ្យវឌ្ឍនភាពឆ្ពោះទៅរកសមភាពយេនឌ័រនៅកន្លែងធ្វើការ​មានភាព​យឺត​យ៉ាវ។

ការផ្លាស់ប្តូរប្រជាសាស្ត្រកែប្រែទម្រង់ទីផ្សារការងារ

របាយការណ៍នេះ ក៏បានវិភាគផងដែរអំពីរបៀបដែលការផ្លាស់ប្តូរប្រជាសាស្ត្រកំពុងកែប្រែទម្រង់​ទីផ្សារការងារ។

ជរាភាពនៃប្រជាជន កំពុងពន្យឺតកំណើនកម្លាំងពលកម្មនៅក្នុងសេដ្ឋកិច្ចដែលមាន​ភាពរីក​ចម្រើន ដ្បិតចំនួនប្រជាជនក្នុងវ័យធ្វើការដែលអាចចូលរួម ឬបន្តនៅក្នុងការងារ មានការថយចុះ។ ផ្ទុយ​ទៅវិញ ប្រទេសដែលមានចំណូលទាបកំពុងតស៊ូប្រឹងប្រែង ​ដើម្បីប្រែក្លាយកំណើនប្រជាជនដ៏ឆាប់រហ័ស ឱ្យទៅជាការងារដែលមានផលិតភាព។

កំណើនការងារក្នុងឆ្នាំ២០២៦ ត្រូវបានព្យាករក្នុងអត្រា ០,៥ ភាគរយ នៅក្នុងប្រទេស​ដែល​មាន​ចំណូលមធ្យមកម្រិតខ្ពស់, ១,៨ ភាគរយ នៅក្នុងសេដ្ឋកិច្ចដែលមានចំណូលមធ្យមកម្រិតទាប, ៣,១ ភាគរយ នៅក្នុងប្រទេសដែលមានចំណូលទាប។ អង្គការ ILO បានព្រមានថា ប្រសិនបើគ្មាន​ឱកាស​ការងារ​ដែលមានផលិតភាពគ្រប់គ្រាន់ទេ ប្រទេសក្រីក្រនានាអាចប្រឈមនឹងហានិភ័យ​នៃការខាតបង់​ ភាគ​លាភប្រជាសាស្ត្ររបស់ពួកគេ ជាមិនខាន។

កំណើនផលិតភាពការងារទាបនៅក្នុងប្រទេស​ដែលមាន​ចំណូលទាប ក៏កំពុងធ្វើឱ្យវិសមភាព​ភូមិសាស្ត្រកាន់តែរីកធំទៅៗ រារាំងវឌ្ឍនភាពឆ្ពោះទៅរកការងារសមរម្យ និងពន្យឺតការកាត់បន្ថយគម្លាត​កម្រិត​ជីវភាព​រស់នៅ ​ជាមួយប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។

ភាពច្របូកច្របល់នៃពាណិជ្ជកម្ម

ការរអាក់រអួលនៃពាណិជ្ជកម្មសកល កំពុងបន្ថែមភាពមិនប្រាកដប្រជាដល់ទីផ្សារការងារ។ ភាព​មិនច្បាស់លាស់អំពីវិធានពាណិជ្ជកម្ម និងការរាំងស្ទះនៃខ្សែច្រវាក់ផ្គត់ផ្គង់ កំពុងធ្វើឱ្យប្រាក់ឈ្នួល​របស់​កម្មករនិយោជិតថយចុះ ជាពិសេស នៅអាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង និងអឺរ៉ុប។ ទោះជាយ៉ាង​ណា​ក៏ដោយ ពាណិជ្ជកម្មនៅតែជាប្រភពការងារដ៏សំខាន់ ដោយបានគាំទ្រដល់កម្មករនិយោជិតចំនួន ៤៦៥ លាន​នាក់នៅទូទាំងពិភពលោក ដែលជាងពាក់កណ្តាលស្ថិតនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

របាយការណ៍នេះកត់សម្គាល់ថា ពាណិជ្ជកម្មអាចជាកម្លាំងចលករដ៏មានឥទ្ធិពល​សម្រាប់ការងារ​សមរម្យ ជាពិសេស នៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម ដែលវិស័យនាំចេញតែង​ផ្តល់​ប្រាក់​បៀវត្សរ៍ល្អជាង ភាពក្រៅប្រព័ន្ធមានកម្រិតទាបជាង និងឱកាសច្រើនជាងសម្រាប់ស្ត្រី និង​យុវជន។ សេវាកម្មដែលបានផ្តល់តាមប្រព័ន្ធឌីជីថល បច្ចុប្បន្នមានចំនួន ១៤,៥ ភាគរយនៃការ​នាំ​ចេញ​សកល ហើយ​ការងារដែលទាក់ទងនឹងពាណិជ្ជកម្មជិតពាក់កណ្តាល ស្ថិតនៅក្នុងសេវាកម្មទីផ្សារ។ ទោះ​បី​ជា​ពាណិជ្ជកម្មរវាងសេដ្ឋកិច្ចកំពុងអភិវឌ្ឍមានការកើនឡើងក៏ដោយ ប្រទេសជាច្រើននៅអាហ្វ្រិក និង​អាមេរិកខាងត្បូង នៅតែពឹងផ្អែកខ្លាំងលើទីផ្សារក្រៅតំបន់ សម្រាប់ការងារភាគច្រើនដែល​ទាក់ទង​នឹង​ពាណិជ្ជកម្ម។

អគ្គនាយកអង្គការ ILO បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការសម្របសម្រួលការធ្វើសកម្មភាព​ និងការពង្រឹងស្ថាប័ន ដើម្បីជំរុញការងារសមរម្យ និងយុត្តិធម៌សង្គម ជាពិសេសនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចក្រីក្រដែលប្រឈមនឹងហានិភ័យអាចត្រូវបានគេទុកចោល ខណៈដែលខ្សែច្រវាក់ផ្គត់ផ្គង់ និង​ពាណិជ្ជកម្មឌីជីថល កាន់តែមានការរីកចម្រើន។

លោក Houngbo បានមានប្រសាសន៍ថា៖ «បើសិនរដ្ឋាភិបាល និយោជក និងកម្មករ​និយោជិតមិនធ្វើសកម្មភាពរួមគ្នា ដើម្បីប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ និងពង្រីក​ឱកាស​ការងារប្រកបដោយគុណភាព សម្រាប់ស្ត្រី និងយុវជន នោះទេ តាមរយៈការឆ្លើយតបជាស្ថាប័ន​ដែល​មានសង្គតិភាព និងការសម្របសម្រួល នោះឱនភាពការងារសមរម្យ នឹង​នៅតែបន្តកើតមាន ហើយ​ភាព​ស្អិតរមួតក្នុងសង្គមនឹងប្រឈមហានិភ័យ ជាមិនខាន»។

របាយការណ៍បានដាក់ចេញនូវអនុសាសន៍មួយចំនួន ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈម​បច្ចុប្បន្ន៖

  • អនុវត្តគោលនយោបាយលើកកម្ពស់ផលិតភាព ដូចជា ការវិនិយោគលើជំនាញ ការអប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ
  • ដោះស្រាយគម្លាតយេនឌ័រ និងយុវជន តាមរយៈការលុបបំបាត់របាំងនៃការចូលរួម និងប្រើប្រាស់​បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ
  • ពង្រឹងលទ្ធផលពាណិជ្ជកម្ម និងការងារសមរម្យ ដើម្បីឱ្យគ្រប់តំបន់​ទទួលបាន​អត្ថប្រយោជន៍​ពី​លំហូរសកល
  • កាត់បន្ថយហានិភ័យពីបំណុល បញ្ញាសិប្បនិម្មិត (AI) និងភាពមិនច្បាស់លាស់នៃពាណិជ្ជកម្ម តាមរយៈការសម្របសម្រួលរវាងគោលនយោបាយសកល និងក្នុងស្រុក ។