សេចក្តីថ្លែងការណ៍ស្តីពីការបាត់បង់អាយុជីវិតនិងរបួសរបស់កម្មករនិយោជិតដែលរងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា
25 May 2026
រាជធានីភ្នំពេញ (ព័ត៌មាន ILO) – ការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ
កម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានសេចក្តីសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់អាយុជីវិតរបស់កម្មករនិយោជិត ១៤នាក់ និងអ្នករងរបួសជិត ៨០នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យសោកសៅចំនួនពីរករណី ដែលបានកើតឡើងនៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។
អង្គការ ILO សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារ និងអ្នកនៅក្នុងបន្ទុករបស់អ្នកដែលបានស្លាប់ និងរងរបួស។ ការបាត់បង់អាយុជីវិតនេះ គឺជាការរំលឹកម្តងទៀតអំពីហានិភ័យដែលកម្មកររាប់ពាន់នាក់ប្រឈមមុខជារៀងរាល់ថ្ងៃនៅកម្ពុជា ក្នុងការធ្វើដំណើរទៅ និងត្រឡប់មកពីធ្វើការវិញ។
អង្គការ ILO សូមកោតសរសើរចំពោះចំណាត់ការទាន់ពេលវេលារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសតាមរយៈបេឡាជាតិសន្តិសុខសង្គម ក្នុងការផ្តល់ជំនួយដល់កម្មកររងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។
អង្គការ ILO សូមកោតសរសើរចំពោះចំណាត់ការទាន់ពេលវេលារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសតាមរយៈបេឡាជាតិសន្តិសុខសង្គម ក្នុងការផ្តល់ជំនួយដល់កម្មករនិយោជិតដែលរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។
រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធថ្នាក់ជាតិបានទទួលស្គាល់ថា សុវត្ថិភាពចរាចរណ៍គឺជាក្តីបារម្ភផ្នែកសុខភាពសាធារណៈដ៏សំខាន់មួយ រួមទាំងកម្មករនិយោជិតធ្វើដំណើរផងដែរ។ វានៅតែជាបញ្ហាប្រឈមដ៏ស្មុគស្មាញមួយ ដែលទាមទារនូវដំណោះស្រាយជាប្រព័ន្ធ ចាប់ពីការអនុវត្តបទប្បញ្ញត្តិ រហូតដល់ការកែលម្អឥរិយាបថសុវត្ថិភាព និងការអនុវត្តរបស់អ្នកផ្តល់សេវាដឹកជញ្ជូន និងអ្នកធ្វើដំណើរ។
អង្គការ ILO វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិត រួមទាំងអំឡុងពេលធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគេ។ តាមរយៈកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC) និងកម្មវិធីសុវត្ថិភាព និងសុខភាពសម្រាប់ទាំងអស់គ្នា អង្គការ ILO បានធ្វើការយ៉ាងខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពល្អ រួមទាំងសុវត្ថិភាពចរាចរណ៍សម្រាប់កម្មករធ្វើដំណើរ ហើយត្រៀមខ្លួនជាស្រេចក្នុងការបន្តគាំទ្រដៃគូត្រីភាគីនិងភាគីពាក់ព័ន្ធក្នុងវិស័យដើម្បីរកដំណោះស្រាយសុវត្ថិភាពចរាចរណ៍ប្រកបដោយនិរន្តរភាព និងភាពយូរអង្វែង។