សេចក្តីថ្លែងការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) ស្តីពីស្ថិតិភាពមានការងារធ្វើ និងភាពគ្មានការងារធ្វើ ក្នុងប្រទេសកម្ពុជា

ការិយាល័យរបស់អង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ សូមបំភ្លឺចំពោះស្ថិតិដែលបានបោះពុម្ពផ្សាយក្នុងមូលដ្ឋានទិន្នន័យស្ថិតិកម្លាំង ពលកម្ម របស់អង្គការអន្តរជាតិខាងការងារ។

13 September 2023

Content also available in: English
ភ្នំពេញ (ព័ត៌មានអង្គការ ILO)៖ ការិយាល័យរបស់អង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ
កម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សូមបំភ្លឺព័ត៌មានទាក់ទងនឹងស្ថិតិភាពមានការងារធ្វើ និងភាពគ្មានការងារធ្វើ ក្នុងប្រទេសកម្ពុជា។

ស្ថិតិស្តីពីភាពមានការងារធ្វើ ដែលបានបោះពុម្ពផ្សាយក្នុងមូលដ្ឋានទិន្នន័យស្ថិតិកម្លាំងពលកម្មរបស់អង្គការអន្តរជាតិខាងការងារ (ILOSTAT) ប្រើនិយមន័យផ្អែកទៅតាមសន្និសីទអន្តរជាតិលើកទី១៣ នៃអ្នកជំនាញ
ស្ថិតិការងារ (ICLS ឆ្នាំ១៩៨២)។ នៅប្រទេសកម្ពុជា តួលេខថ្មីបំផុតនៃអត្រាភាពមានការងារធ្វើធៀបនឹងប្រជាជន 1 (employment-to-population ratio) ដែលស្របតាមបទដ្ឋានអន្តរជាតិ គឺបានមកពីរបាយការណ៍អង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០១៩ ហើយអត្រាភាពមានការងារធ្វើធៀបនឹងប្រជាជនមាន ៦៨,៦ ភាគរយ (ក្នុងនោះ ៧៦,៣ ភាគរយ សម្រាប់បុរស និង៦១,៨ ភាគរយ សម្រាប់ស្ត្រី)។

អត្រាភាពមានការងារធ្វើធៀបនឹងប្រជាជន ផ្តល់នូវសូចនាកម្ម (ការបង្ហាញ) កាន់តែប្រសើរអំពីទំហំនៃចំនួនប្រជាជនដែលស្ថិតក្នុងភាពមានការងារធ្វើ ពីចំណោមប្រជាជនក្នុងអាយុធ្វើការសរុប។ នេះជាសូចនាករប្រសើរបំផុតសម្រាប់វាស់វែងថាតើទីផ្សារការងារកំពុងផ្តល់ឱ្យប្រជាជននូវភាពមានការងារធ្វើ បានយ៉ាងណាខ្លះ។

អង្គការអន្តរជាតិខាងការងារ (ILO) មិនបោះពុម្ពផ្សាយនូវអ្វីដែលជួនកាលគេហៅថា “អត្រាភាពមានការងារធ្វើ” ពីព្រោះវាមិនមែនជាសូចនាករដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងមិនបន្ថែមព័ត៌មានអ្វីក្រៅពីអត្រាភាពគ្មានការងារធ្វើ ដែលមានរួចហើយនោះទេ។

អត្រាភាពគ្មានការងារធ្វើជារួម (ដែលត្រូវបានកំណត់ជាអ្នកគ្មានការងារធ្វើ គិតជាភាគរយនៃកម្លាំងពលកម្មសរុប) គឺ ១,២ ភាគរយ តាមរបាយការណ៍អង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០១៩។

សាវតារទាក់ទងនឹងអត្រាភាពគ្មានការងារធ្វើ

អង្គការអន្តរជាតិខាងការងារ (ILO) បោះពុម្ពផ្សាយអត្រាភាពគ្មានការងារធ្វើ2 ផ្អែកទៅលើំបទដ្ឋានពីរ ដែលកំណត់ដោយសន្និសីទអន្តរជាតិលើកទី១៣ នៃអ្នកជំនាញស្ថិតិការងារ (ICLS ឆ្នាំ១៩៨២) និងនាពេលថ្មីៗនេះដោយសន្និសីទអន្តរជាតិលើកទី១៩ នៃអ្នកជំនាញស្ថិតិការងារ (ICLS ឆ្នាំ២០១៣)។ អត្រាភាពគ្មានការងារធ្វើ ដែលបានបោះពុម្ពផ្សាយក្នុងមូលដ្ឋានទិន្នន័យស្ថិតិកម្លាំងពលកម្មរបស់អង្គការអន្តរជាតិខាងការងារ (ILOSTAT) គឺនៅតែអាស្រ័យទៅតាមនិយមន័យស្តីពីភាពមានការងារធ្វើ និងភាពគ្មានការងារ។ ការបោះពុម្ពផ្សាយមួយទៀត (ពោលគឺ អត្រាភាពគ្មានការងារធ្វើ តាមអាយុ និងភេទ(%)) ក៏អាចរកបានដែរ នៅក្នុង មូលដ្ឋានទិន្នន័យស្ថិតិការងារ ILOSTAT ដោយផ្អែកទៅតាមសន្និសីទអន្តរជាតិលើកទី១៩ នៃអ្នកជំនាញស្ថិតិការងារ (ICLS ឆ្នាំ២០១៣)។ សេចក្តីសម្រេច

របស់សន្និសីទអន្តរជាតិលើកទី១៩ នៃអ្នកជំនាញស្ថិតិការងារ (19th ICLS) ធ្វើឱ្យប្រែប្រួលចំនួនប្រជាជនដែលត្រូវបានចាត់ថ្នាក់ថាជាអ្នកមានការងារធ្វើ ក៏ដូចជាចំនួនសរុបនៃកម្លាំពលកម្ម។

តាមយន្តការនេះ អត្រាភាពគ្មានការងារធ្វើ យោងតាមសន្និសីទអន្តរជាតិលើកទី១៩ នៃអ្នកជំនាញស្ថិតិការងារ នឹងមានភាពខុសគ្នាពីអត្រាដែលប៉ាន់ប្រមាណតាមរយៈសន្និសីទអន្តរជាតិលើកទី១៣ នៃអ្នកជំនាញស្ថិតិការងារ។ ទស្សនទាន (គោលគំនិត) ដែលបានប្រើក្នុងសន្និសីទអន្តរជាតិលើកទី១៩ នៃអ្នកជំនាញស្ថិតិការងារក៏ព្យាយាមកំណត់អត្តសញ្ញាណប្រជាជនដែលស្ថិតនៅក្នុង “កម្លាំងពលកម្មសក្តានុពល” ក្នុងគោលបំណងពង្រីកទស្សនទាននៃភាពគ្មានការងារធ្វើ ឱ្យទៅជាទស្សនទានទូលំទូលាយមួយនៃការប្រើប្រាស់ ពលកម្មមិនគ្រប់គ្រាន់។

ស្ថិតិអង្គការអន្តរជាតិខាងការងារ (ILOSTAT) បោះពុម្ពផ្សាយទិន្នន័យ រួមជាមួយនឹងព័ត៌មាននៃប្រភព
ទិន្នន័យ។ សម្រាប់ប្រទេសកម្ពុជា ដោយសារតែការធ្វើអង្កេតកម្លាំងពលកម្មមានលក្ខណៈមិនទៀងទាត់3
មូលដ្ឋានទិន្នន័យក៏មានអត្រាភាពគ្មានការងារធ្វើ ដែលផ្អែកទៅលើអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា (CSES) ជាប្រភពព័ត៌មានមួយផ្សេងទៀត។ វិទ្យាស្ថានជាតិស្ថិតិ (NIS) គឺជាអ្នកផលិតផ្លូវការនូវរបាយការណ៍អង្កេតកម្លាំងពលកម្ម និងអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា។ តែទោះជាដូច្នេះក្តី ការរៀបចំធ្វើអង្កេតទាំងពីប្រភេទនេះគឺមានលក្ខណៈខុសគ្នា ហើយកម្រងសំនួរក៏ខុសគ្នាដែរ ទើបអត្រាភាពគ្មានការងារធ្វើដែលប៉ាន់ប្រមាណពី
អង្កេតសេដ្ឋកិច្ច សង្កមកិច្ចកម្ពុជា គឺមិនអាចប្រៀបធៀបគ្នាបានជាមួយអត្រាដែលប៉ាន់ប្រមាណពីអង្កេតកម្លាំងពលកម្ម។
__________________________

1 អត្រានេះកំណត់ដោយយក [ចំនួនអ្នកគ្មានការងារធ្វើ] ចែកនឹង [កម្លាំងពលកម្ម] គុណនឹង ១០០។ ទស្សនទាន និងនិយមន័យ មានសង្ខេបតាមតំណនេះ(ជាភាសាអង់គ្លេស)៖ https://ilostat.ilo.org/resources/concepts-and-definitions/description-labour-force-statistics/
2 អត្រានេះកំណត់ដោយយក [ចំនួនអ្នកមានការងារធ្វើ] ចែកនឹង [ចំនួនប្រជាជនក្នុងអាយុធ្វើការ] គុណនឹង ១០០។
3 The data from the LFS that is published in the ILO database covers 2019 and 2012.