ពលករទេសន្តរប្រវេសន៍កម្ពុជា ទទួលបានការគាំទ្របន្ថែមនៅខេត្តសៀមរាប

កម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍នៃអង្គការអន្តរជាតិខាងការងារ កំពុងពង្រីកការផ្តល់ព័ត៌មាន និងជំនួយដល់ពលករទេសន្តរប្រវេសន៍នៅខេត្តសៀមរាបដោយមានការគាំទ្រពីសហភាពអឺរ៉ុប (EU)។

26 February 2026

ការផ្សព្វផ្សាយដល់សមាជិកសហគមន៍ ផ្តល់ព័ត៌មានស្តីពីការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងសិទ្ធិការងារ។ © PSOD/ILO
Content also available in: English

ភ្នំពេញ (ព័ត៌មានរបស់អង្គការអន្តរជាតិខាងការងារ) – មណ្ឌល​ធនធាន​ពលករទេសន្តរប្រវេសន៍ (MRC) ថ្មី​មួយដែល​បាន​បង្កើត​នៅ​ខេត្ត​សៀមរាប នឹង​ពង្រឹង​ការផ្សព្វផ្សាយ​ការ​យល់ដឹង និង​សេវា​គាំទ្រ​សម្រាប់​ពលករទេសន្តរប្រវេសន៍​កម្ពុជាទាំង​ពលករដែល​កំពុង​ត្រៀមធ្វើទេសន្តរប្រវេសន៍ និង​ពលករដែលបានវិល​ត្រឡប់​មក​វិញ ជាពិសេស​ក្នុង​វិស័យ​នេសាទ និង​កែច្នៃ​អាហារ​សមុទ្រ។

អង្គការភ្នំស្រីដើម្បី​អភិវឌ្ឍន៍នឹង​ធ្វើការ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដើម្បី​ដំណើរការមណ្ឌល​ធនធាន​ពលករទេសន្តរប្រវេសន៍(MRC)នៅ​ខេត្តសៀមរាប។ គំនិត​ផ្តួចផ្តើម​នេះមាន​គោលបំណង​ក្នុងការពង្រីកការទទួលបានសម្ភារៈ​អប់រំ និងការបណ្តុះបណ្តាល​ អំពី​ការ​ធ្វើ​ទេសន្តរប្រវេសន៍​ដោយ​សុវត្ថិភាព និង​សិទ្ធិ​ការងារ ផ្តល់​ការ​កសាង​សមត្ថភាព​ដល់​ភាគី​ពាក់ព័ន្ធ សេវា​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​ករណី​បណ្តឹង ​​សេវាគាំទ្រដើម្បីបង្កើនជីវភាពរស់នៅ និង​​ផ្លូវ​ចិត្តដើម្បីគាំទ្រការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍ដែលវិលត្រឡប់មកវិញ។

ពលករ​ទេសន្តរប្រវេសន៍កម្ពុជា​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេសកម្ពុជា។ ក្នុងឆ្នាំ ២០២៤ ប្រាក់​ផ្ញើ​ពី​ពលករទេសន្តរប្រវេសន៍មាន​ចំនួន​ជិត ៣ ពាន់​លាន​ដុល្លារ​អាមេរិកស្មើ​នឹង ៦.១ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់ប្រទេស​កម្ពុជា។

លោក ឃួន អេវេរ៉ាធ អនុប្រធានកិច្ចសហប្រតិបត្តិការរបស់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាបានមានប្រសាសន៍ថា “ការធ្វើទេសន្តរប្រវេសន៍ការងារជាមធ្យោបាយមួយដ៏ចាំបាច់ដែលបានជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាតាំងពីយូរយារណាស់មកហើយជាមួយនឹងការបើកដំណើរការមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ថ្មីនៅខេត្តសៀមរាប យើងកំពុងពង្រីកលទ្ធភាពទទួលបានព័ត៌មាន និងសេវាកម្មសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា​ និងក្រុមគ្រួសាររបស់ពួកគេ។ សហភាពអឺរ៉ុបមានមោទនភាពក្នុងការគាំទ្រគំនិតផ្តួចផ្តើមនេះ ដែលនឹងផ្តល់ភាពអង់អាចដល់ពលកររាប់ពាន់នាក់ និងពង្រឹងសហគមន៍ពលករទេសន្តរប្រវេសន៍នៅទូទាំងប្រទេសកម្ពុជា”។

ការពង្រីកសេវាគាំទ្រនៅខេត្តសៀមរាប គឺចំខណៈពេលវេលាពិសេសដែលមានពលករទេសន្តរប្រវេសន៍កម្ពុជាជាច្រើនបានវិលត្រឡប់មកវិញក្នុងអំឡុងពេលជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃនាពេលថ្មីៗនេះ។ ការស្រាវជ្រាវរបស់អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានបង្ហាញថា ពលករទេសន្តរប្រវេសន៍ដែលបានវិលត្រឡប់មកវិញនៅខេត្តនេះមានអត្រាបំណុល និងអត្រាអត់ការងារខ្ពស់ក្នុងដំណាក់កាលដំបូងនៃការវិលត្រឡប់មកផ្ទះវិញ។

លោកស្រី ស៊ាវយាន ឈាន នាយកប្រចាំប្រទេសថៃ កម្ពុជា និងឡាវរបស់អង្គការអន្តរជាតិខាងការងារ បានមានប្រសាសន៍ថា “អង្គការអន្តរជាតិខាងការងារទទួលស្គាល់ថា នេះជាពេលវេលាលំបាកសម្រាប់ពលករទេសន្តរប្រវេសន៍ជាច្រើននាក់ដែលបានវិលត្រឡប់មកវិញ ទោះបីរដ្ឋាភិបាលកម្ពុជាបានខិតខំគាំទ្រយ៉ាងខ្លាំងក៏ដោយ។ ដោយសហការជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា មណ្ឌលធនធានពលករទេសន្តរប្រវេសន៍មានតួនាទីសំខាន់ក្នុងការផ្តល់សេវាគាំទ្រឆ្លើយតបផ្ទាល់ដល់ពលករទេសន្តរប្រវេសន៍ និងគ្រួសាររបស់ពួកគេ។ ការបង្កើតមណ្ឌលធនធានពលករថ្មីនៅខេត្តសៀមរាបនឹងបន្ថែមលើបណ្តាញមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ដែលមានស្រាប់ និងជួយដោះស្រាយរួមគ្នានូវតម្រូវការជាក់លាក់របស់ពលករទេសន្តរប្រវេសន៍ក្នុងវិស័យ នេសាទ និងកែច្នៃអាហារសមុទ្រ” ។

តាមរយៈសមត្ថភាព និងបទពិសោធន៍របស់អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ព្រមទាំងមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាបនឹងធ្វើឱ្យមណ្ឌលធនធានពលករទេសន្តរប្រវេសន៍អាចផ្តល់អត្ថប្រយោជន៍ក្នុងការលើកកម្ពស់ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងការងារសមរម្យដល់ពលករទេសន្តរប្រវេសន៍កម្ពុជា។

ឯកឧត្តម តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា “ការបង្កើតមជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសន៍នៅខេត្តសៀមរាបនេះ គឺជាជំហានទៅមុខសំខាន់មួយ។ វាពង្រីកការទទួលបានព័ត៌មាន និងសេវាសំខាន់ៗព្រមទាំងពង្រឹងយន្តការការពារសម្រាប់ពលករនេសាទ និងពលករកែច្នៃអាហារសមុទ្រ។ ខ្ញុំមានទំនុកចិត្តថា មណ្ឌលធនធានពលករទេសន្តរប្រវេសន៍នេះនឹងលើកកម្ពស់កិច្ចសហការជាមួយមន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងអ្នកពាក់ព័ន្ធក្នុងការគាំទ្រការរីកចម្រើនទៅរកគោលដៅរួមរបស់យើងគឺការងារសមរម្យសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជាទាំងអស់” ។

កម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍-ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាពសម្រាប់ការងារសមរម្យនៅក្នុងសេដ្ឋកិច្ចពណ៌ខៀវ គឺជាគំនិតផ្តួចផ្តើមថ្នាក់តំបន់ ដែលទទួលបានការគាំទ្រថវិកាពីសហភាពអឺរ៉ុប។ អង្គការអន្តរជាតិខាងការងារអនុវត្តកម្មវិធីនេះដោយសហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ និងអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ដោយមានគោលបំណងលើកកម្ពស់ការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងការងារសមរម្យសម្រាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ត្រី និងអាហារសមុទ្រដែលមាននិរន្តរភាពនៅអាស៊ីអាគ្នេយ៍។ កម្មវិធីនេះដោះស្រាយភាពងាយរងគ្រោះជាក់លាក់ដែលពលករទេសន្តរប្រវេសន៍ប្រឈមក្នុងវិស័យទាំងនេះ និងហានិភ័យក្នុងដំណើរទេសន្តរប្រវេសន៍ការងារ ដែលអាចនាំឲ្យមានកង្វះការងារសមរម្យ ការរំលោភសិទ្ធិការងារ និងការងារដោយបង្ខំ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖

លោក សុខ សំបូរ
អ្នកសម្របសម្រួលកម្មវិធីនៅកម្ពុជា
កម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍
អង្គការអន្តរជាតិខាងការងារ
អ៊ីម៉ែល៖ [email protected]

លោក ប៊ែនចាមីន ហាកគីន
អ្នកជំនាញបច្ចេកទេស
កម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍
អង្គការអន្តរជាតិខាងការងារ ការិយាល័យថ្នាក់តំបន់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក
អ៊ីម៉ែល៖ [email protected]

លោកស្រី ចាន់ ផល្គុណ
មន្រ្តីផ្នែកសារព័ត៌មាន
គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា
អ៊ីម៉ែល៖ [email protected]