ការសិក្សារបស់ ILO បង្ហាញថា ថ្នាលការងារឌីជីថលនៅកម្ពុជាផ្តល់ឱកាសដល់អាជីវកម្ម និងអ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យានិយោជិត ទោះបីជាប្រឈមនឹងបញ្ហានៃការងារក្រៅប្រព័ន្ធក៏ដោយ
លទ្ធផលនៃការសិក្សាបង្ហាញពីតម្រូវការក្នុងការពង្រឹងការគាំពារសង្គម វិធានការសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងបង្កើនភាពច្បាស់លាស់អំពីការកំណាត់ចំណាត់ថ្នាក់ស្ថានភាពការងារ
2 September 2026
ភ្នំពេញ (ព័ត៌មាន ILO) – ថ្នាលការងារឌីជីថលបានបង្កើតឱកាសថ្មីៗក្នុងការរកប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា ប៉ុន្តែអ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យានៅក្នុងវិស័យដឹកអ្នកដំណើរ និងដឹកជញ្ជូនទំនិញតាមថ្នាលបច្ចេកវិទ្យាឌីជីថល ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប្រឈមនឹងថិរវេលាធ្វើការយូរម៉ោង ភាពមិនប្រាកដប្រជានៃប្រាក់ចំណូល និងគម្លាតនៃការគាំពារសង្គម យោងតាមការសិក្សាថ្មីមួយរបស់អង្គការអន្តរជាតិខាងការងារ (ILO)។
របាយការណ៍ដែលមានចំណងជើងថាការពិនិត្យវិនិច្ឆ័យលើលក្ខខណ្ឌការងារ និងវិសាលភាពនៃការគ្របដណ្តប់សន្តិសុខសង្គមសម្រាប់អ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាត្រូវបានរៀបចំឡើងដោយផ្អែកលើការស្ទង់មតិ និង បទសម្ភាសន៍ជាមួយអ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យានៅរាជធានីភ្នំពេញ ព្រមទាំងភាគីពាក់ព័ន្ធនានា រួមមានរដ្ឋាភិបាល ក្រុមហ៊ុនប្រតិបត្តិថ្នាលបច្ចេកវិទ្យាឌីជីថល និងតំណាងសហជីព និងសមាគមអ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យា។
ការសិក្សានេះបានពិនិត្យលក្ខខណ្ឌការងាររបស់អ្នកបើកបរដឹកអ្នកដំណើរតាមថ្នាលឌីជីថល រួមទាំងអ្នកបើករ៉ឺម៉កកង់បី ដែលដឹកជញ្ជូនអ្នកដំណើរដោយប្រើយានយន្តកង់បី អ្នកបើកតាក់ស៊ី ក៏ដូចជាអ្នកបើកបរដឹកជញ្ជូនទំនិញ។
ការសិក្សាបានរកឃើញថា វិស័យនេះមានឱកាស និងការរីកចម្រើន ប៉ុន្តែក៏ប្រឈមនឹងបញ្ហាសំខាន់ៗទាក់ទងនឹងសន្តិសុខការងារ ការគាំពារសង្គម និងការមានតំណាងនិងសំឡេងផងដែរ។
អ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យាបានរាយការណ៍ថា ពួកគេចំណាយពេលស្ទើរតែពេញមួយសប្តាហ៍លើការងារនេះ។ ជាមធ្យម អ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យាវេទិកាឌីជីថលធ្វើការ ៦,៧ ឬ ៦,៨ ថ្ងៃក្នុងមួយសប្តាហ៍ និងពី ១១ ទៅ ១២ ម៉ោងក្នុងមួយថ្ងៃ។ តួលេខទាំងនេះរាប់បញ្ចូលទាំងពេលវេលារង់ចាំដែលមិនទទួលបានប្រាក់កម្រៃ ខណៈដែលពួកគេនៅតែភ្ជាប់ជាមួយកម្មវិធី ដើម្បីរង់ចាំអតិថិជន ឬសំណើដឹកជញ្ជូន។
លទ្ធផលនៃការសិក្សាបង្ហាញថា កម្លាំងពលកម្មលើថ្នាលឌីជីថលភាគច្រើនជាបុរសវ័យក្មេង ដោយអ្នកដឹកជញ្ជូនទំនិញមានអាយុតិចជាងអ្នកបើកបរដឹកអ្នកដំណើរតាមថ្នាលឌីជីថលគួរឱ្យកត់សម្គាល់។ អ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យាភាគច្រើនពឹងផ្អែកលើថ្នាលបច្ចេកវិទ្យាតែមួយសម្រាប់ប្រាក់ចំណូល ទោះជាយ៉ាងណា អ្នកបើកបរដឹកអ្នកដំណើរមានទំនោរប្រើថ្នាល បច្ចេកវិទ្យាច្រើនជាងមួយ ដើម្បីព្យាយាមកាត់បន្ថយការប្រែប្រួលនៃប្រាក់ចំណូល។
ប្រាក់ចំណូលមានភាពខុសគ្នាទៅតាមប្រភេទការងារលើថ្នាលបច្ចេកវិទ្យាឌីជីថល។ អ្នកបើកតាក់ស៊ីបានរាយការណ៍ថាមានប្រាក់ចំណូលសរុបប្រចាំខែខ្ពស់បំផុត ជាមធ្យម ៥៨១ ដុល្លារអាមេរិក ប៉ុន្តែប្រាក់ចំណូលដែលនៅសល់ក្រោយចំណាយមានចំនួនតិចបំផុត ដោយសារការចំណាយប្រតិបត្តិការខ្ពស់។ អ្នកដឹកជញ្ជូនអាហារមានប្រាក់ចំណូលសរុបប្រចាំខែទាបបំផុត ជាមធ្យម ៥០១ ដុល្លារអាមេរិក ប៉ុន្តែអាចរក្សាទុកប្រាក់ចំណូលបានច្រើនជាងក្រោយកាត់ចំណាយប្រតិបត្តិការ។ អ្នកបើករ៉ឺម៉កកង់បីបានរាយការណ៍ថាមានប្រាក់ចំណូលសរុបប្រចាំខែជាមធ្យម ៤៧៧ ដុល្លារអាមេរិក។
ប្រហែលពាក់កណ្តាលនៃអ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យាឌីជីថលដែលបានចូលរួមក្នុងការស្ទង់មតិបានរាយការណ៍ថា ពួកគេមានការគ្របដណ្តប់ផ្នែកសន្តិសុខសង្គមក្នុងទម្រង់ណាមួយ ដែលភាគច្រើនជាអត្ថប្រយោជន៍ថែទាំសុខភាពតាមរបបភាគទានស្ម័គ្រចិត្ត តាមរយៈបេឡាជាតិសន្តិសុខសង្គមរបស់កម្ពុជា។
របាយការណ៍ក៏បានរកឃើញផងដែរថា ប្រព័ន្ធគ្រប់គ្រងដោយស្វ័យប្រវត្តិដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់លក្ខខណ្ឌការងាររបស់អ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យាថ្នាលឌីជីថល។ អ្នកឆ្លើយតបភាគច្រើនបានលើកឡើងថា ការវាយតម្លៃពីអតិថិជនមានឥទ្ធិពលយ៉ាងខ្លាំងទាំងលើប្រាក់ចំណូល និងការបែងចែកការងាររបស់ពួកគេ។ ជិតពាក់កណ្តាលបានរាយការណ៍ថា ពួកគេប្រឈមនឹងការដាក់ពិន័យ រួមទាំងការកាត់បន្ថយការបែងចែកការងារ ឬការផ្អាកគណនី ដោយសារការបដិសេធ ឬលុបចោលការបញ្ជាទិញ។
ទោះបីជាអ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យាភាគច្រើនអាចដាក់ពាក្យបណ្តឹងតាមរយៈកម្មវិធីរបស់ថ្នាលបច្ចេកឌីជីថលក៏ដោយ ក៏មានការលើកឡើងពីកង្វល់ទាក់ទងនឹងកម្រិតនៃការគាំទ្រដែលពួកគេទទួលបានក្រោយកើតមានហេតុការណ៍ធ្ងន់ធ្ងរ រួមទាំងគ្រោះថ្នាក់ការងារ។
ទោះបីជាអ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យាស្ទើរតែទាំងអស់បានរាយការណ៍ថា ពួកគេបានទទួលការបណ្តុះបណ្តាលអំពីសុវត្ថិភាព ការប្រើប្រាស់ថ្នាលបច្ចេកឌីជីថល និងសេវាអតិថិជនក៏ដោយ ការរងរបួសទាក់ទងនឹងការងារនៅតែកើតមានជាញឹកញាប់។ អ្នកដឹកជញ្ជូនទំនិញប្រឈមនឹងហានិភ័យខ្ពស់បំផុត ដោយមួយក្នុងចំណោមបីនាក់ បានរាយការណ៍ថា ធ្លាប់រងគ្រោះថ្នាក់ក្នុងពេលបំពេញការងារ។
ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ បរិយាកាសបទប្បញ្ញត្តិរបស់កម្ពុជាបានជួយឱ្យថ្នាលបច្ចេកវិទ្យាឌីជីថលពង្រីកខ្លួនយ៉ាងឆាប់រហ័ស និងបង្កើតឱកាសថ្មីៗក្នុងការរកប្រាក់ចំណូលសម្រាប់អ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យា។ អ្នកឆ្លើយតបជាច្រើនយល់ថា ការងារតាមថ្នាលឌីជីថលគឺជាជម្រើសចាំបាច់ នៅពេលដែលមិនមានជម្រើសការងារផ្សេងទៀត ហើយការងារប្រភេទនេះក៏មានភាពទាក់ទាញដោយសារភាពបត់បែននៃពេលវេលាធ្វើការ។
លោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារប្រចាំប្រទេសថៃ កម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានមានប្រសាសន៍ថា៖ «ថ្នាលការងារឌីជីថលកំពុងបង្កើតឱកាសសំខាន់ៗក្នុងការរកប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជាជាច្រើន ហើយអាចរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងនវានុវត្តន៍»។
លោកស្រីបានបន្តថា៖ «ទន្ទឹមនឹងនេះ លទ្ធផលនៃការសិក្សាបង្ហាញពីតម្រូវការក្នុងការពង្រឹងការការពារសម្រាប់អ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យាឌីជីថល។ ក្របខ័ណ្ឌច្បាប់ដែលកាន់តែច្បាស់លាស់ក៏អាចជួយផ្តល់ភាពប្រាកដប្រជាកាន់តែខ្លាំងសម្រាប់អ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យា និងអាជីវកម្មដូចគ្នា ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចថ្នាលបច្ចេកវិទ្យារបស់កម្ពុជា»។