Three people stand between the flags of Japan and ILO.

កម្ពុជាពង្រឹងការឆ្លើយតបចំពោះការធ្វើសមាហរណកម្មសម្រាប់ពលករទេសន្តរប្រវេសក៍(ចំណាកស្រុក)ដែលត្រឡប់មកវិញ

គម្រោងដែលគាំទ្រដោយអង្គការ ILO និងប្រទេសជប៉ុន នឹងផ្តល់សេវាការងារ និងការអភិវឌ្ឍជំនាញតាមបែបរួមបញ្ចូលគ្នា ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ពលករត្រឡប់មកវិញ និងគ្រួសាររបស់ពួកគេ។

18 February 2026

A new initiative is led by the ILO and Cambodia’s Ministry of Labour and Vocational Training, with support from the Ministry of Foreign Affairs of Japan. © ILO
Content also available in: English

ភ្នំពេញ (ព័ត៌មាន ILO) – គំនិតផ្តួចផ្តើមថ្មីមួយ ដឹកនាំដោយអង្គការអន្តរជាតិខាងការងារ (ILO) និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការគាំទ្រពី ក្រសួងការបរទេសនៃប្រទេសជប៉ុន នឹងជួយពលករចំណាកស្រុកដែលត្រឡប់មកវិញប្រហែល ២០.០០០ នាក់ ឱ្យទទួលបានការងារសមរម្យ និងធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចក្នុងស្រុកវិញ តាមរយៈកញ្ចប់សេវាកម្មបែបរួមបញ្ចូល ដែលរួមមាន ការការពារ សេវាកម្មការងារ និងការអភិវឌ្ឍជំនាញ។

គម្រោងរយៈពេល ២៤ ខែ ដែលមានចំណងជើងថា «លើកកម្ពស់មុខរបរ និងការងារដល់ពលករទេសន្តរប្រវេសក៍ត្រឡប់មកវិញ ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន» ត្រូវបានអនុវត្ត ដើម្បីឆ្លើយតបនឹងការត្រឡប់មកវិញរបស់ពលករកម្ពុជា បន្ទាប់ពីមានភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។

សកម្មភាពនានារួមមាន ការបង្កើតមជ្ឈមណ្ឌលធនធានពលករចំណាកស្រុក (MRCs)ថ្មីចំនួន ៣ កន្លែង នៅក្នុងខេត្តដែលមានអ្នកត្រឡប់មកវិញច្រើន គឺ ខេត្តឧត្តរមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តព្រះវិហារ ដើម្បីផ្តល់សេវាពិគ្រោះយោបល់ ការផ្សព្វផ្សាយព័ត៌មាន ការប្រមូលទិន្នន័យ និងជំនួយផ្នែកច្បាប់។ គម្រោងនេះក៏នឹងគាំទ្រការឆ្លើយតបផ្នែកការងារដែលដឹកនាំដោយឧស្សាហកម្ម តាមរយៈការពិគ្រោះយោបល់ជាមួយនិយោជក និងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ការរៀបចំពិព័រណ៍ការងារថ្នាក់ឃុំ និងយុទ្ធនាការផ្សព្វផ្សាយជាក់លាក់ ជាពិសេសនៅក្នុងវិស័យដែលប្រើកម្លាំងពលកម្មច្រើន ដូចជា វិស័យកាត់ដេរ សំណង់ និងកម្មន្តសាល។

គន្លងបំប៉នជំនាញ និងការបណ្តុះបណ្តាលឡើងវិញដោយផ្អែកលើតម្រូវការទីផ្សារ ក៏នឹងត្រូវអនុវត្តតាមរយៈវគ្គសិក្សារយៈពេលខ្លីៗ ការធ្វើតេស្តទទួលស្គាល់ការសិក្សាពីមុន និងការបណ្តុះបណ្តាលសហគ្រិនភាព​ និងសម្បទាការងារ ព្រមទាំងការពង្រឹងប្រព័ន្ធជាតិ ដើម្បីធានាការធ្វើសមហរណកម្មប្រកបដោយចីរភាពទៅក្នុងការងារសមរម្យ។

© ILO
© ILO
The agreement was signed at the Embassy of Japan in Phnom Penh on 18 February 2026

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅស្ថានទូតជប៉ុនប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយ លោក Atsushi Ueno ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោកស្រី Xiaoyan Qian នាយិកាការិយាល័យ ILO ប្រចាំប្រទេសថៃ កម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាមួយវត្តមានរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា។

លោកឯកអគ្គរាជទូត Atsushi Ueno បានមានប្រសាសន៍ថា៖ «ប្រទេសជប៉ុនមានមោទនភាពក្នុងការគាំទ្រកម្ពុជា និងអង្គការ ILO ក្នុងការដោះស្រាយតម្រូវការបន្ទាន់របស់ពលករចំណាកស្រុកដែលត្រឡប់មកវិញ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះសន្តិសុខមនុស្ស និងស្ថិរភាពតំបន់។ គំនិតផ្តួចផ្តើមនេះបញ្ជាក់ឡើងវិញពីភាពជាដៃគូយូរអង្វែងរបស់ជប៉ុនជាមួយកម្ពុជា និងការគាំទ្ររបស់យើងចំពោះទីផ្សារការងារដែលមានបរិយាបន្ន និងមានភាពធន់ខ្ពស់»។

លោក ហេង សួរ រដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «ការត្រឡប់មកវិញរបស់ពលករកម្ពុជា ទាមទារឱ្យមានការឆ្លើយតបថ្នាក់ជាតិដែលមានការសម្របសម្រួល។ គម្រោងនេះពង្រឹងសមត្ថភាពរបស់យើងក្នុងការផ្សារភ្ជាប់ពលករត្រឡប់មកវិញទៅនឹងការអភិវឌ្ឍជំនាញ សេវាការងារ និងមុខរបរដែលមានផលិតភាពខ្ពស់ ដើម្បីជួយឱ្យពួកគេស្ដារជីវិតឡើងវិញដោយមានសេចក្តីថ្លៃថ្នូរ»។

លោកស្រី Xiaoyan Qian នាយិកា ILOបានមានប្រសាសន៍ថា៖ «យើងខ្ញុំសូមអរគុណចំពោះការគាំទ្រយ៉ាងសប្បុរសពីប្រទេសជប៉ុន ដែលជួយស្តារសេចក្តីថ្លៃថ្នូរ មុខរបរ និងការទទួលបានការការងារសមរម្យសម្រាប់ពលករចំណាកស្រុកដែលត្រឡប់មកវិញ។ គម្រោងនេះពង្រឹងប្រព័ន្ធសមាហរណកម្មជាតិ តាមរយៈការភ្ជាប់ការទទួលស្គាល់ជំនាញ ការផ្គូផ្គងការងារ និងការគាំពារសង្គម ដើម្បីធានាថាពលករត្រឡប់មកវិញទទួលបានការគាំទ្រយ៉ាងមានប្រសិទ្ធភាព»។