ទិវាអន្តរជាតិនៃជនជាតិដើមភាគតិចនៅលើពិភពលោក

អគ្គនាយកអង្គការអន្តរជាតិខាងការងារ៖ ការផ្តល់យុត្តិធម៌ផ្នែកសេដ្ឋកិច្ចនិងសង្គមកិច្ចសម្រាប់ជនជាតិដើមភាគតិច និងកុលសម្ព័ន្ធ តាមរយៈការងារសមរម្យ

អគ្គនាយកអង្គការអន្តរជាតិខាងការងារ លោក Guy Ryder មានប្រសាសន៍ថា៖ “ការរួមគ្នាតាមរយៈការកសាងស្ពានចម្លង និងការពង្រឹងភាពជាដៃគូ គឺធានាសិទ្ធិស្មើគ្នាក្នុងការទទួលការអប់រំ ហើយសំខាន់បំផុតការផ្តល់សិទ្ធិអំណាចដល់ជនជាតិដើមភាគតិច និងកុលសម្ព័ន្ធតាមរយៈការងារសមរម្យ យើងអាចជម្នះបញ្ហាប្រឈមនៅចំពោះមុខបាន។”

Statement | 09 August 2016
ទិវាអន្តរជាតិនៃជនជាតិដើមភាគតិចនៅលើពិភពលោកនេះ គឺជាការប្រារព្វលើកដំបូង ក្រោយការ
អនុម័តរបៀបវារៈឆ្នាំ២០៣០ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការបំរែបំរួលអាកាសធាតុ។ សមិទ្ធផលអស្ចារ្យទាំងនេះ បានកំណត់អោយសហគមន៍អន្តរជាតិនូវមាគ៌ាដ៏សំខាន់មួយសំដៅបញ្ចប់ភាពក្រីក្រ និងការពារភពផែនដី។

ការសន្យានៃរបៀបវារៈនេះគឺថា «គ្មាននរណាម្នាក់ ត្រូវបានគេទុកចោល" តម្រូវឱ្យផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅកាន់ជនជាតិដើមភាគតិច និងកុលសម្ព័ន្ធ ហើយដោយឡែកទៅលើស្ត្រីក្នុងចំណោមពួកគេ នៅក្នុងការខិតខំរបស់យើងឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព ។

ជនជាតិដើមភាគតិច និងកុលសម្ព័ន្ធគឺក្រុមដែលងាយរងគ្រោះទៅនឹងការរើសអើង និងការមិនរាប់បញ្ចូល។ ពួកគេប្រឈមនឹងការលំបាកនានា នៅក្នុងការទទួលការអប់រំប្រកបដោយគុណភាព ឱកាសការងារសមរម្យ ការគាំទ្រសម្រាប់សកម្មភាពបង្កើនប្រាក់ចំណូល និងកិច្ចគាំពារសង្គម។ ពួកគេក៏ស្ថិតនៅចំណោមក្រុម ដែលរងផលប៉ះពាល់នៃការបំរែបំរួលអាកាសធាតុ និងការបាត់បង់សិទិ្ធកាន់កាប់ដីធ្លី។

របៀបវារៈការងារសមរម្យរបស់អង្គការ ILO និងសសរស្តម្ភទាំងបួនរបស់ខ្លួន ដែលរួមមានកិច្ចសន្ទនាសង្គម សិទ្ធិការងារ កិច្ចគាំពារសង្គម និងការងារ បានកំណត់ពិភពការងារ ជាផ្នែកស្នូលនៃការដោះស្រាយបញ្ហាសង្គម បញ្ហាសេដ្ឋកិច្ច និងបញ្ហាបរិស្ថាន។

យើងត្រូវតែធានាឱ្យបានថា ជនជាតិដើមភាគតិច និងកុលសម្ព័ន្ធអាចដឹងពីសក្តានុពលពេញលេញរបស់ពួកខ្លួន ដែលជាដៃគូ ក្នុងការបំពេញតាមការសន្យានូវការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន ផលិតភាព និងចីរភាព។

តាមរយៈការទទួលបានការងារសមរម្យ ស្រ្តីនិងបុរសជនជាតិដើមភាគតិចរាប់លាននាក់ នៅជុំវិញពិភពលោក នឹងក្លាយទៅជាភ្នាក់ងារនៃការផ្លាស់ប្តូរ ដែលនេះមិនត្រឹមតែដើម្បីធានាជីវភាពរស់នៅនិងតម្រូវការរបស់ពួកគេផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីការពារថែរក្សាធនធានធម្មជាតិរបស់ខ្លួនទៀតផង។ នេះនឹងរួមចំណែកដល់ការខិតខំប្រឹងប្រែងរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើតសង្គមប្រកបដោយភាពរុងរឿង និងសន្តិភាព ដែលស្រលាញ់បរិស្ថាន និងការធ្វើសកម្មភាពទប់ទល់នឹងការបំរែបំរួលអាកាសធាតុ។

អនុសញ្ញាស្តីពីជនជាតិដើមភាគតិច និងកុលសម្ព័ន្ធរបស់អង្គការ ILO ឆ្នាំ១៩៨៩ (លេខ១៦៩) និង សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិច សង្កត់ទៅលើសិទ្ធិរបស់ជនជាតិដើមភាគតិច ក្នុងការចូលរួមដំណើរការធ្វើសេចក្តីសម្រេចលើបញ្ហានានា ដែលអាចរងផលប៉ះពាល់ដល់ពួកគេដោយផ្ទាល់។ ឥឡូវនេះ វាជាការសំខាន់ក្នុងការកសាងយន្តការរឹងមាំ និងមានប្រសិទ្ធិភាពសម្រាប់កិច្ចសន្ទនាជាស្ថាប័ន កិច្ចពិគ្រោះយោបល់ និងការចូលរួម ដែលសំលេងរបស់ពួកគេនឹងត្រូវបានេគេឮ និងការរួមចំណែករបស់ពួកគេត្រូវបានគេទទួលយក។

ប៉ុន្តែវាមិនមែនជាកិច្ចការងាយស្រួលទេ។ វាតម្រូវឱ្យមានការចូលរួមពីភាគីពាក់ពន័្ធសំខាន់ៗទាំងអស់ដូចជា អាជ្ញាធរសាធារណៈ អង្គការនិយោជក និងកម្មករនិយោជិត ដែលជាស្ថាប័នតំណាង ជនជាតិដើមភាគតិច និងកុលសម្ព័ន្ធ ព្រមទាំងសង្គមស៊ីវិល។ អង្គការអន្តរជាតិខាងការងារ តាម រយៈអនុសញ្ញាអន្តរជាតិ និងយន្ដការត្រួតពិនិត្យរបស់ខ្លួន និងដោយការរួមគ្នាជាមួយនឹងអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ គឺបានត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដល់កិច្ចសន្ទនាដ៏សំខាន់នេះ និងជួយផ្តល់ការសន្និដ្ឋានដ៏សំខាន់របស់ខ្លួន។

ការរួមគ្នាតាមរយៈការកសាងស្ពានចម្លង និងការពង្រឹងភាពជាដៃគូ គឺធានាសិទ្ធិស្មើគ្នាក្នុងការទទួលការអប់រំ ហើយសំខាន់បំផុតការផ្តល់សិទ្ធិអំណាចដល់ជនជាតិដើមភាគតិច និងកុលសម្ព័ន្ធតាមរយៈការងារសមរម្យ យើងអាចជម្នះបញ្ហាប្រឈមនៅចំពោះមុខបាន។