Asia-Pacific labour market insights

តើអនាគតឧស្សាហកម្មកាត់ដេរនៅអាស៊ីនឹងទៅជាយ៉ាងណា ក្រោយកូវីដ?

វិបត្តិកូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មកាត់ដេរនៅក្នុងសកលលោកទាំងមូល ហើយពុំមានកន្លែងណាដែលរងផលប៉ះពាល់ជាងគេនៅអាស៊ី ដែលជាទីតាំងនៃរោងចក្រភាគច្រើននៅក្នុងឧស្សាហកម្មនេះឡើយ។ ព័ត៌មានសង្ខេបដែលបានពីអង្គការអន្តរជាតិខាងការងារពិនិត្យលើថាតើវិស័យកាត់ដេរនៅអាស៊ីនឹងទៅជាយ៉ាងណានាពេលអនាគត? តើការរាតត្បាតជាសកលនេះកំពុងសម្រួចនិន្នាការឧស្សាហកម្មនេះយ៉ាងដូចម្ដេចខ្លះ? និងឱកាសសម្រាប់ធ្វើឱ្យអនាគតកាន់តែមានភាពធន់ មានចីរភាព និងកាន់តែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់មនុស្ស។

Analysis | 04 August 2021
The garment manufacturing in Asia. © ILO/M. Crozet

ការផលិតសម្លៀកបំពាក់នៅអាស៊ី Asia. © ILO/M. CrozetThe ឧស្សាហកម្មកាត់ដេរអាចទទួលបានអនាគតត្រចះត្រចង់ ប្រសិនបើឧស្សាហកម្មនេះអាចស្ដារឡើងវិញពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដោយមានមូលដ្ឋានលើកិច្ចសន្ទនាសង្គមដែលកាន់តែរឹងមាំ និងការផ្តល់ការការពារដល់កម្មករនិយោជិត ក៏ដូចជា ការបង្កើនការវិនិយោគលើជំនាញផលិតភាព និងហេដ្ឋារចនាសម្ព័ន្ធ នេះបើតាមរបាយការណ៍សង្ខេបនៃការស្រាវជ្រាវថ្មីមួយ ដែលចេញផ្សាយដោយអង្គការអន្តរជាតិខាងការងារ។

ឧស្សាហកម្មកាត់ដេរនៅអាស៊ី ក្រោយកូវីដ-១៩ ឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃការរាតត្បាតជាសកលមកលើនិន្នាការសំខាន់ៗនៅក្នុងសកលលោក ដែលជាកត្តាកំណត់ពីកំណើន និងចីរភាពនៅក្នុងវិស័យនេះ។ របាយការណ៍នេះពិនិត្យថាតើការសម្រេចចិត្ត ដែលធ្វើឡើងដោយតួអង្គពាក់ព័ន្ធសំខាន់ៗ ដូចជា ក្រុមហ៊ុនម៉ាកយីហោ និងក្រុមហ៊ុនលក់រាយក្នុងសកលលោក ក្នុងអំឡុងពេលដែលមានវិបត្តិនេះកើតឡើង បង្កផលប៉ះពាល់ទូទៅយ៉ាងដូចម្តេចខ្លះដល់កម្មករ និយោជិត និងខ្សែច្រវាក់ផ្គត់ផ្គង់ និងថាតើសកម្មភាពរបស់តួអង្គទាំងនេះមានសារៈសំខាន់យ៉ាងដូចម្ដេចខ្លះ ក្នុងការកំណត់ពីទ្រង់ទ្រាយ និងទិសដៅនៃឧស្សាហកម្មនេះនៅក្នុងឆ្នាំខាងមុខនេះ។

ឧស្សាហកម្មកាត់ដេរនៅអាស៊ីរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ អ្នកតាក់តែងគោលនយោបាយ និយោជក ក្រុមហ៊ុនម៉ាកយីហោ និងអតិថិជនត្រូវតែធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ដើម្បីឱ្យឧស្សាហកម្មនេះ ងើបឡើងវិញ និងរីកចម្រើន កាន់តែមានភាពធន់ មានចីរភាព និងគិតគូរពីសុខទុក្ខរបស់មនុស្."

Chihoko Asada-Miyakawa, ឧបការីអគ្គនាយក និងជានាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់ ILO។

ក្នុងចំណោមនិន្នាការធំៗ ដែលគេរំពឹងថានឹងសម្រួចឧស្សាហកម្មនេះឡើងវិញក្រោយការរាតត្បាតជាសកល រួមមានការបន្តប្រមូលផ្ដុំទីផ្សារ ការបង្រួមប្រភពបញ្ជាទិញរបស់អ្នកបញ្ជាទិញនិងអ្នកផ្គត់ផ្គង់ ព្រមទាំងការរើប្រភពបញ្ជាទិញចេញពីប្រទេសចិនដីគោក។ គេក៏រំពឹងទុកផងដែរថា កម្រិតស្វ័យប្រវត្តិកម្មនឹងបន្តមានការកើនឡើង បើទោះជាក្នុងកម្រិតមួយតិចតួចក៏ដោយ។

ការកែសម្រួលឡើងវិញនៃឧស្សាហកម្មនេះ ទំនងជានឹងបង្កផលប៉ះពាល់មិនដូចគ្នាឡើយ លើកម្មករ និយោជិត។ ស្ថានភាពជារួមនៃឧស្សាហកម្មនេះ ទំនងជាសម្បូរដោយក្រុមហ៊ុនផលិតកម្ម ដែលកាន់តែមានទំហំធំ និងដែលមានធនធានច្រើន ដែលអាចទទួលបានការបញ្ជាទិញរឹតតែច្រើនពីក្រុមហ៊ុនម៉ាកយីហោធំៗនៅក្នុងសកលលោក។ ខណៈពេលដែលភាពអនុលោមផ្នែកសង្គម និងបរិស្ថានក្នុងកម្រិតមួយខ្ពស់ គឺជាលក្ខណៈពិសេសនៃភាពជាដៃគូ “ជាយុទ្ធសាស្ត្រ” រវាងអ្នកបញ្ជាទិញ-អ្នកផ្គត់ផ្គង់ ការពង្រីកឱកាសការងារសមរម្យ គឺជាអ្វីដែលអាចធ្វើទៅបាន និងជាអ្វីដែលទំនងជានឹងកើតមានផងដែរ។ ទោះជាយ៉ាងនេះក្ដី គេមិនអាចធានាបាននូវអត្ថប្រយោជន៍ទាំងនេះឱ្យបានទូលំទូលាយឡើយ នៅពេលដែលឧស្សាហកម្មនេះអាចមានកំណើនទ្វេដងនៅបណ្ដាឆ្នាំខាងមុខ។

ការប្រែប្រួលអាកាសធាតុកំពុងបង្កផលប៉ះពាល់កាន់តែខ្លាំងមកលើអនាគតរបស់អាស៊ី ក្នុងនាមជាទិសដៅផលិតនាំចេញទៅប្រកបដោយចីរភាព។ ការកើនឡើងនៃកម្ពស់ទឹកសមុទ្រ និងព្រឹតិ្តការណ៍អាកាសធាតុធ្ងន់ធ្ងរនឹងបង្កផលប៉ះពាល់ដល់អ្នកផ្គត់ផ្គង់ និងរោងចក្រ ដែលក្នុងនោះ មជ្ឈមណ្ឌលនេះបានផលិតសម្លៀកបំពាក់ធំៗនៅក្នុងតំបន់នេះ ត្រូវបានគេព្យាករថានឹងត្រូវលិចលង់មុនឆ្នាំ ២០៣០។ ការកើនឡើងកម្ដៅដ៏ឆាប់រហ័ស ដែលលកើតឡើងដោយសារការកើនឡើងនៃសីតុណ្ហភាព អាចបន្តបង្កផលប៉ះពាល់ដល់សុវត្ថិភាព សុខុមាលភាព និងផលិតភាពរបស់កម្មករនិយោជិត។

របាយការណ៍សង្ខេបនេះក៏បានលើកឡើងអំពីគម្លាតយេនឌ័រ ដែលកើតមានជាយូរមកហើយនៅក្នុងឧស្សាហកម្មនេះ និងបន្ទុកដ៏ច្រើនលើសលប់ដែលកម្មករនិយោជិតជាស្ត្រីត្រូវទទួលរងក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនេះ។ ប្រសិនបើពុំមានអន្តរាគមន៍ថាគោលនយោបាយច្បាស់លាស់ក្នុងដំណាក់កាលស្ដារឡើងវិញនោះទេ ស្ត្រីជាច្រើននាក់នឹងបន្តជួបប្រទះនឹងការរើសអើងនៅកន្លែងធ្វើការ ហើយក្នុងពេលជាមួយគ្នាក៏ត្រូវខាតបង់ដោយសារតែការថមថយនូវឱកាសការងារ ដែលត្រូវការប្រើប្រាស់ជំនាញកម្រិតទាបនៅក្នុងឧស្សាហកម្មនេះផងដែរ។

អ្វីដែលសំខាន់សម្រាប់អនាគតនៃឧស្សាហកម្មនេះនៅអាស៊ីផងដែរនោះ គឺស្ថានភាពអភិបាលកិច្ច កម្លាំងពលកម្មទាំងនៅថ្នាក់ជាតិ ទាំងនៅក្នុងច្រវាក់ផ្គត់ផ្គង់សកល។ ការពង្រីកទាំងកិច្ចខិតខំប្រឹងប្រែងផ្នែកគតិយុត្ត ដើម្បីគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់សកល ជាពិសេសប្រទេសដែលជាប្រភពផលិតកម្ម ដូចជា ការតម្រូវឱ្យអនុវត្តច្បាប់ត្រួតពិនិត្យផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន ក៏ដូចជា ការបញ្ចូលបញ្ញត្តិស្ដីពីការងារទៅធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងនាំមកនូវឥទ្ធិពលកាន់តែច្រើនឡើងបន្ថែមទៀត នៅក្នុងន័យនេះ។

សេណារីយ៉ូនាពេលអនាគត

តាមរយៈការបង្កើតផែនទីបង្ហាញពីគន្លងនៃឧស្សាហកម្មនេះ នៅមុនពេលដែលការរាតត្បាតជាសកល និងធ្វើការព្យាករពីការផ្លាស់ប្តូរទិសដៅនៃឧស្សាហកម្មនេះ ដែលអាចកើតមានឡើង របាយការណ៍សង្ខេបនេះបានលើកឡើងពីសេណារីយ៉ូដែលអាចកើតមានចំនួនបីនាពេលអនាគត ដែលគេហៅថា កើតឡើងជាថ្មី (repeat) ទទួលបានប្រយោជន៍ជាថ្មី (regain ) និងចរចាជាថ្មី (renegotiate)។

សេណារីយ៉ូ កើតឡើងជាថ្មី ព្យាករថាមានការផ្លាស់ប្តូរ ឬការកែទម្រង់រចនាសម្ព័ន្ធឧស្សាហកម្មនេះតិចតួចតែប៉ុណ្ណោះ ក្រោយកូវីដ-១៩។ ខណៈពេលដែលសហគ្រិនធំៗដែលបានធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួន នឹងកាន់តែមានភាពរឹងមាំ និងកាន់តែធន់ ដោយសារតែការពង្រឹងឧស្សាហកម្មនេះបន្ថែមទៀតនៅក្រោយវិបត្តិនេះ កម្មករ និយោជិតមួយចំនួននឹងទទួលបានប្រយោជន៍ពីភាពប្រសើរជាងមុននូវជំនាញឱកាស ប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។ ទោះជាយ៉ាងណាក៏ដោយ កម្មករនិយោជិតទាំងនេះទំនងជាក្រុមភាគតិចប៉ុណ្ណោះ

សេណារីយ៉ូទី២គឺ ការទទួលបានប្រយោជន៍ឡើងវិញ ប្រមើលមើលពីការពន្លឿនការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធឧស្សាហកម្ម និងទម្លាប់បញ្ជាទិញ ក៏ដូចជា ការផ្លាស់ប្ដូររបៀបគ្រប់គ្រង ដែលបច្ចុប្បន្ននេះ ត្រូវបានជំរុញដោយសារកត្តាខាងក្រៅ និងធ្វើឡើងគ្រាន់តែដើម្បីបំពេញតាមលក្ខខណ្ឌពីខាងក្រៅទាំងនោះតែប៉ុណ្ណោះ។ នៅក្នុងសេណារីយ៉ូនេះ គេប្រមើលឃើញលទ្ធផលរឹតតែខុសគ្នាទៅទៀតសម្រាប់កម្មករ និយោជិត ដោយកម្មករ និយោជិតតែមួយចំនួនតូចបានទទួលប្រយោជន៍ពីការកែលម្អអភិបាលកិច្ចការងារជាទូទៅ សហគ្រាសផ្លូវការ ហើយកម្មករ និយោជិតភាគច្រើនរឹតតែប្រឈមទៅនឹងការបំពានសិទ្ធិការងារ ឬការបាត់បង់ការងារ ដោយសារតែការបង្កើនការប្រើប្រាស់បច្ចេកវិទ្យា។

សេណារីយ៉ូចុងក្រោយ ការចរចាជាថ្មី ផ្ដល់នូវភាពសុទិដ្ឋិនិយម និងការផ្លាស់ប្ដូរជាវិជ្ជមាន។ នៅក្នុងសេណារីយ៉ូនេះ មានការប្រមើលមើលពីមានការកែទម្រង់ខ្សែច្រវាក់ផ្គត់ផ្គង់ទូទៅ ដោយមានគោលបំណងច្បាស់លាស់ ដោយចាត់ទុកជាចីរភាពសង្គមនិងបរិស្ថាន ថាជាចំណុចស្នូលនៃគំរូអាជីវកម្មក្រោយការរាតត្បាតជាសកល។ អង្គការអន្តរជាតិខាងការងារចាត់ទុកថា សេណារីយ៉ូនេះ គឺជាវិធីតែមួយគត់ ដែលមានប្រសិទ្ធភាពសម្រាប់កសាងអនាគតនៃឧស្សាហកម្មនេះ ដែលយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់មនុស្ស ពោលគឺអនាគតដែលមានចីរភាពក្នុងរយៈពេលវែងផង និងផ្តល់នូវដំណោះស្រាយដែលកាន់តែមានយុត្តិធម៌ នៅឈរលើគោលការណ៍ផ្ដល់អត្ថប្រយោជន៍ឱ្យបានទូលំទូលាយដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។ ទោះជាយ៉ាងនេះក្ដី កម្រិតដែលឧស្សាហកម្មនេះនឹងផ្តល់នូវលក្ខខណ្ឌការងារកាន់តែល្អប្រសើរ ជាទូទៅពោលគឺក្រៅតែពីរោងចក្រដែល ដែលធំជាងគេ និងដែលល្អជាងគេ គឺអាស្រ័យយ៉ាងហោចណាស់លើការកែលម្អអភិបាលកិច្ច និងវត្តមាននៃសហជីពឯករាជ្យដែលអាចធ្វើការចរចាប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យមានការបង្កើនប្រាក់ឈ្នួល និងលក្ខខណ្ឌការងារកាន់តែប្រសើរ។
របាយការណ៍សង្ខេបនៃការស្រាវជ្រាវនេះ ត្រូវបានរៀបចំឡើងរួមគ្នាដោយកម្មវិធីការងារកាន់តែប្រសើរ អង្គភាពវិភាគសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់របស់ ILO និងគម្រោងការងារសមរម្យក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្លៀកបំពាក់នៅអាស៊ីរបស់ ILO ក្រោមថវិកាឧបត្ថម្ភពីប្រទេសស៊ុយអែត គម្រោងកិច្ចសន្ទនាថ្មីនៃមហាវិទ្យាល័យទំនាក់ទំនងវិជ្ជាជីវៈ និងការងារនៃសកលវិទ្យាល័យខូនែល។ របាយការណ៍សង្ខេបនេះ ត្រូវបានរៀបចំឡើងផ្អែកតាមការស្រាវជ្រាវ ដែលត្រូវបានបង្ហាញនៅក្នុងឯកសារស្រាវជ្រាវ ពិភាក្សាអំពីការងារសមរម្យ ដោយ Jason Judd និង J. Lowell Jackson និងក្នុងការស្រាវជ្រាវអមមួយទៀត នៃការស្រាវជ្រាវដែលមានចំណងជើងថា៖ ផលសាយភាយនៃខ្សែច្រវាក់ផ្គត់ផ្គង់ ថាតើជំងឺកូវីដ-១៩ កំពុងបង្កផលប៉ះពាល់យ៉ាងដូចម្តេចខ្លះដល់កម្មករ និយោជិតនៅរោងចក្រកាត់ដេរ នៅអាស៊ី និងប៉ាស៊ីហ្វិក។